ច្បាប់ស្រី

សម្រាយច្បាប់ស្រី

®ឯកសារសម្រាយជាPDF

ម៉ឺន មៃ រៀបរៀង

–       ប្រភពអត្ថបទ ៖ ច្បាប់ស្រី ជាកម្រងក្រមសីលធម៌ ដែលចែងអំពីទំនៀមទម្លាប់របស់នារីខ្មែរ ដែល​​ត្រូវប្រតិបត្តិ ក្នុងការរស់នៅ ទាំងក្នុងទំនាក់ទំនងគ្រួសារ និង​សង្គម ។ ក្បួនច្បាប់ស្រី ត្រូវ បានចងក្រងឡើងដោយអ្នកនិពន្ធជាច្រើន ក្នុងសម័យកាលនីមួយៗ ដូចជា ច្បាប់ស្រីរបស់ ព្រះបាទអង្គឌួង(កាកគតិ)  ច្បាប់ស្រីរបស់ ម៉ឺន មៃ (ភុជង្គលីលា) ជាដើម ។ ការចងក្រងឡើង នៃច្បាប់ស្រីនេះ  គឺដោយសារតែផ្នត់គំនិតក្នុងសង្គមខ្មែរ តែងតែអោយតម្លៃលើ ឥរិយាបទ កិរិយា​មាយាទ សេចក្តីថ្លៃថ្នូររបស់ស្រ្តី  ដែលមាននាទីសំខាន់មិនអាចខ្វះបាន ស្របតាមលទ្ធិមេ ដែល​ប្រជាពលរដ្ឋខ្មែរ តែងប្រកាន់យកតាំងពីយូរលង់ណាស់មកហើយ ក្នុងប្រវត្តិសាស្រ្តរបស់ ខ្លួន ។

ច្បាប់ស្រីរបស់ ម៉ឺន មៃ ជាកម្រងអត្ថបទកាព្យមួយ ត្រូវបានលើកយកមកសិក្សា ដែលអ្នកនិពន្វបានចងក្រងឡើង ជាបទភុជង្គលីលា ដោយបរិយាកាសប្រើប្រាស់នៃកំណាព្យ គឺ សម្រាប់រៀបរាប់ និង អប់រំ ទាក់ទងនឹង ៖

  • ផ្នែកទី ១ ៖ «ទៅឋានមនុស្ស…កុំភ្លេចស្មារតី»

កិរិយាមាយាទ និង កិច្ចជាស្ត្រី ចំពោះ

  • ស្វាមី ៖ ជាភរិយាត្រូវប្រកាន់កិរិយាមាយាទអោយបានល្អ ទាំងពាក្យសម្តី កាយវិការ ព្រមទាំងគោរព បម្រើស្វាមីចាត់ទុកស្វាមីជាម្ចាស់របស់ខ្លួន ។
  • ញាតិ ៖ នាមជាស្រីត្រូវមានទម្លាប់ល្អ ក្នុងទំនាក់ទំនងជាមួយសាច់ញាតិ ចាស់ទុំ អ្នកជិតខាង ប្រកបដោយកិរិយាគួរសម និង រួសរាយរាក់ទាក់ ។
  • កិច្ចការផ្ទះ  ៖ ស្រ្តីត្រូវរៀបចំធ្វើកិច្ចការផ្ទះសម្បែង ដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងអោយបានរួចរាល់ ចៀសវាងការទុកការងារចោល និង ខ្ជីខ្ជាយ ពេលវេលាឥតប្រយោជន៍ ។
  • ផ្នែកទី ២ ៖ «ចូររករៀនយកច្បាប់ស្រី…អោយស្រួលវាចា»

ការរក្សាភ្នក់ភ្លើងទាំងបី ពោលគឺស្ត្រី ត្រូវរក្សាទំនាក់ទំនងរវាងមនុស្សបីក្រុមក្នុងគ្រួសារ

  • ឪពុកម្តាយបង្កើត៖ គោរពប្រណិប័តន៍ ថែរក្សាអ្នកមានគុណអោយបានខ្ជាប់​ខ្ជួន និងចេះរក្សាភាពស្ងៀមស្ងាត់ លាក់កំបាំងរឿងរ៉ាវដែលអាចបង្កអោយ មានជម្លោះក្នុងគ្រួសារ ក្នុងទំនាក់ទំនងប្តី ប្រពន្ធ និង ឪពុកម្តាយ ។
  • ឪពុកម្តាយក្មេក ៖ គោរពស្រលាញ់ដូចឪពុកម្តាយបង្កើត  ព្រមទាំងចេះរក្សា
    ទំ​នាក់ទំនងល្អ ចៀសវាងរាល់ជម្លោះទាំងឡាយក្នុងទំនាក់ទំនងគ្រួសារ ។
  • ប្តី ៖ ថែរក្សាទំនាក់ទំនងប្តីប្រពន្ធ អោយបានល្អជានិច្ច ចៀសវាងរាល់ជម្លោះ ដោយមានចិត្តអំណត់អត់ធ្មត់ មិនប្រកាន់កិរិយាគំរោះគំរើយ ទ្រគោះបោះ បោក ឆេវឆាវ ស្តែងឡើងតាមរយៈពាក្យសម្តី ក៏ដូចជាកាយវិការ ។
  • ផ្នែកទី ៣ ៖ «ទោះប្តីស្រដីម្តេចម្តា…កុំអោយប្តីជេរ»

កិរិយាមាយាទស្រ្តីចំពោះទំនាក់ទំនងជាមួយប្តីក្នុងគ្រួសារ

ស្រ្តីដែលជាប្រពន្ធ គួរប្រកាន់កិរិយាមួយចំនួនដូចជា ៖

–       ពាក្យ​សម្តីទន់ភ្លន់ មានចិត្តអំណត់​ មិនឆេវឆាវ​ ពេលមានជម្លោះ ជាមួយស្វាមី

–       មិនគួរប្រកាន់ការនិយាយទ្រគោះបោះបោក រឺ តិះដៀលស្វាមីរបស់ខ្លួន ដែលនាំឱ្យអាប់ឱន ដល់កិត្តិយសគ្រួសារ

–       មិនគួរបំផ្លាញ រឺបោះបោករបស់ប្រើប្រាស់ តាមកំហឹងរបស់ខ្លួន

–       គួរស្តាប់តាមឱវាទទូន្មានរបស់ប្តីដើម្បីចៀសរាល់ជម្លោះ

–       ចៀសវាងការនិយាយឡូឡារករឿងឈ្លោះ ដែលនាំអោយមានឈ្មោះថាជាស្រីប៉ោឡែ

នៅក្នុងន័យនេះស្ត្រីគួរតែមានចិត្តអំណត់ដើម្បីបង្ការអំពើហិង្សានិងជំលោះក្នុងគ្រួសារ ។

 

  • ផ្នែកទី ៤ ៖ «កុំទៅនៅយូរផ្ទះគេ…មិនចាប់ចេញទុក»

ស្ត្រី និង ការចៀសវាងឧបទ្រពទាំងដប់

១.         ការមិនចេះពីក្រមច្បាប់ឥរិយាជាស្រ្តី ត្រូវបានចាត់ទុកជាឧបទ្រព ទោះស្រ្តីមាន​រូបសម្បត្តិល្អជា ក៏ដោយ

២.       ការ​កាន់ក្បាលប្តី ​ដោយមិនបានលើកដៃសុំ​ខមាលទោសមុន ទង្វើនេះប្រៀប បាននឹងភាពចង្រៃ​ ដូចកុកទំលើផ្ទះ។

៣.       ការកន្លងជើងប្តី​ ចាត់ទុកជាការចង្រៃដូចសត្វរលកខ្មោច ដែលនាំរោគា

៤.        ការមិនបិទបាំងទ្វារ ចាត់ទុកដូចការដុតចន្លុះ អោយចោរចូលផ្ទះ

៥.        ការសើចលឺខ្លាំងៗ ចាត់ទុកដូចជា សត្វចចាត ដែលនាំចង្រៃដល់ភូមិស្រុក

៦.         ការដេកអោយខ្នងទៅប្តី ចាត់ទុកដូចជាពស់អប្រិយ

៧.        ការដែលទុកសក់វែងអន្លាយ ចាត់ទុកដូចជាមជ្ជរាឆ្មាលាក់ក្រចក

៨.        ការដើរដោយលឺលាន់ខ្លាំងៗ

៩.         ការដើរដោយលាន់សំពត់ខ្លាំងៗ

១០.      ការមិនចេះទុកដាក់ទ្រព្យ ចាត់ទុកជាការអន្តរាយ

 

  • ផ្នែកទី ៖ «ពុំចេរចំណេរទៅមុខ…ពុំដែលរសាយ»

លក្ខណចរិតប្រាំពីរប្រការរបស់ស្រ្តី

លក្ខណាភរិយាល្អទាំងបួន ៖

  • មាតុភរិយា ៖ ប្រពន្ធជាម្តាយ មានលក្ខណៈបីប្រការ ៖

–       ការយកចិត្តទុកដាក់ពីប្រយាជន៍​ និង កិត្តយសប្តី

–       ការទំនុកបម្រុងប្តី

–       ការថែរក្សា យកចិត្តទុកដាក់ចំពោះប្តីពេលឈឺថ្កាត់

  • ភាតុភរិយា ៖ ប្រពន្ធជាបងប្អូន មានលក្ខណៈពីរប្រការ ៖

–       មានចិត្តស្រលាញ់គោរពប្តី

–       ចេះថែរក្សា ការពារគ្នាទៅវិញទៅមក

  • មិត្តភរិយា ៖ ប្រពន្ធជាមិត្ត​ មានលក្ខណៈបីប្រការ ៖

–       ចេះស្រលាញ់គ្នា

–       ចេះរក្សាទំនាក់ទំនង មិនអោយមានហ្មង

–       មានចិត្តស្មោះត្រង់ ភក្តីភាពចំពោះស្វាមី

  • ទាសភរិយា ៖ ប្រពន្ធជាខ្ញុំបម្រើប្តី មានចរិតប្រាំបីប្រការ ៖

–       ការគោរពខ្លាចប្តី

–       ការចេះរៀបចំខ្លួនកុំអោយខ្មាសគេ

–       ការចេះបង្ការកុំអោយប្តីទាស់ចិត្ត នាំជម្លោះ

–       ការចេះរៀបចំខ្លួនមិនអោយប្តីបន្ទោស

–       ការមិនតបតឈ្លោះនឹងប្តី

–       ការអត់ធ្មត់ មានចិត្តអំណត់

–       ការចេះរៀបចំទំនុកបម្រុងម្ហូបអាហារ ពេលប្តីចេញដំណើរ

–       ការចាំប្តីបរិភោគអាហារជុំគ្នា ។

ចរិតភរិយាអាក្រក់ទាំងបី ៖

  • ពេជ្ឈឃាតភរិយា ៖ ចរិតមានបួនប្រការ ៖

–       ការបំពារបំពានប្តី ដោយគំនិតចង់ឈ្នះ

–       ការបង្អាប់ ដោយអោយប្តីស្តាប់ខ្លួន

–       ការមានគំនិតក្បត់ផិត

–       ការមានគំនិតសម្លាប់ប្តី យកប្តីថ្មី ។

  • សត្រូវភរិយា ៖ ចរិតមានប្រាំពីរប្រការ ៖

–       ការមិនខ្លាចប្តី

–       ការមិនស្រដីតបប្តី

–       ការមិនស្តាប់ប្តីស្តីប្រដៅ

–       ការមិនចេះទំនុកបម្រុងប្តី

–       ការរឹងរូសចចេសនឹងប្តី

–       ការប្រចណ្ឌប្តី

–       ការបង្ហាញកេរ្តិ៍អាស្រូវរបស់ប្តី ។

  • ចោរភរិយា ៖ ចរិតមានបីប្រការ ៖

–       ចាយទ្រព្យប្តី ឥតប្រយោជន៍

–       មិនចេះទុកដាក់ទ្រព្យប្តីរកបាន

–       ខ្ជិលធ្វើការងារ ដោយលេសកលផ្សេងៗ ។

  • ផ្នែកទី ៖ «លុះអស់អាយុក្ល័បក្លាយ…គម្រប់ប្រាំបី»

មាក់ងាយប្រាំបីប្រការដែលស្ត្រីគួរចៀសវាង

១.​         ការមាក់ងាយប្តីពិការ

២.       ការមាក់ងាយប្តីខ្សត់ទ្រព្យ

៣.       ការមាក់ងាយប្តីអ័ប្បយស

៤.        ការមាក់ងាយប្តីល្ងង់

៥.        ការមាក់ងាយប្តីរូបអាក្រក់

៦.         ការមាក់ងាយប្តីមិនខំធ្វើការ

៧.        ការមាក់ងាយប្តីផឹកស្រា

៨.        ការមាក់ងាយប្តី នៅពេលដឹងថាប្តីស្រលាញ់ខ្លួនខ្លាំង។

 

  • ផ្នែកទី ៖ «កូនអើយនេះហើយច្បាប់ស្រី…បរិបូរណ៍ចែងចង់»

សន្និដ្ឋាន ៖ ជាទូទៅ នៅក្នុងសង្គមមួយ តែងតែមានផ្នត់គំនិតដោយឡែក ទាក់ទងនឹងការរស់នៅ និងការប្រព្រឹត្តិទៅក្នុងសង្គមនោះ ។ តួយ៉ាង ច្បាប់ស្រី ជាច្បាប់មួយដែលត្រូវបានចងក្រងឡើង ដោយផ្អែកលើវិធានជាទម្លាប់ ប្រពៃណី របស់ប្រជាជនខ្មែរ ដែលត្រូវបានគេចាត់ទុកជា ច្បាប់ទំនៀម ។ ច្បាប់ទំនៀម ជាវិធានច្បាប់សម្រាប់អប់រំ ទាក់ទងនឹងសីលធម៌សង្គម ទំនាក់ទំនង និង ការរស់នៅរបស់មនុស្សក្នុងសង្គម ដោយផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងប្រពៃណីទំនៀមទម្លាប់របស់​ប្រទេស ។ ការចងក្រងក្បួនច្បាប់ សម្រាប់អប់រំ អាចប្រើប្រាស់តាមមធ្យោបាយច្រើន អាស្រ័យនឹងប្រជាប្រិយ​របស់សង្គមនោះ ដើម្បីធ្វើការផ្សព្វផ្សាយនូវក្បួនច្បាប់ទាំងនោះទៅកាន់ ស្រទាប់មហាជន ។ ជាក់ស្តែង ច្បាប់ស្រី  របស់ ម៉ឺន មៃ ត្រូវបានចងក្រងជាប្រភេទអត្ថបទ កំណាព្យ ដែលក្តោបស្នាដៃអក្សរសិល្ប៍ ក្នុងគោលបំណងអប់រំទូន្មាន ប្រៀនប្រដៅតាម បែបទស្សនវិជ្ជា សីលធម៌ និង សាសនា ដែលកវីមានវិធីសាស្រ្តលើកយកមកប្រើ ទាំងការអប់រំតាមអត្ថានុរូប (ន័យត្រង់) និង អត្ថបដិរូប (ន័យធៀប) ។ បច្ចុប្បន្ន ថ្វីត្បិតតែច្បាប់ស្រី ជាច្បាប់ទំនៀម កំណត់ត្រឹមការអប់រំ ដោយពុំមានលក្ខណៈអំណាចបង្ខំក៏ពិតមែន ក៏ច្បាប់នេះ នៅតែមានតម្លៃ ប្រើប្រាស់ក្នុងសង្គមខ្មែរនូវ វិធានល្អៗ ដែលទាក់ទងនឹង សីលធម៌ ឥរិយាមាយាទ សេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ ទាំង ទំនាក់ទំនងក្នុងគ្រួសារ និង សង្គមទាំងមូល ។  ម៉្យាងវិញទៀត ច្បាប់ស្រី ក៏សបញ្ជាក់ អោយឃើញផងដែរតាមរយៈស្នាដែអក្សរសិល្ប៍ នូវអត្តសញ្ញាណជាតិខ្មែរ ដោយឆ្លុះបញ្ចាំងពីអត្តចរិត សុភាពរាបសារ ស្លូតបូតរមទម្យ ថ្លៃថ្នូរ បង្កប់នូវភាពរឹងប៉ឹង របស់នារីខ្មែរ ដែលជាទំនៀមទម្លាប់ដ៏ល្អ
វិសេសវិសាល គួរប្រតិបត្តិតាម និងថែរក្សាអោយបានស្ថិតស្ថេរគង់វង្ស ដូចពាក្យស្លោកខ្មែរលើកឡើង​ថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ៕

 

ច្បាប់ស្រី និង ច្បាប់វិជ្ជមានបច្ចុប្បន្ន

ការផ្លាស់ប្តូរនូវផ្នត់គំនិតមួយចំនួន ចំពោះសមភាពរវាងបុរស និងស្រ្តី​ ៖

  • រដ្ឋធម្មនុញ្ញ

មាត្រា ៤៥៖ ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្រ្តីភេទ ត្រូវបំបាត់ចោល ។

ការធ្វើអាជីវកម្មលើការងាររបស់ស្រី្ត ត្រូវហាមឃាត់ ។

បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និង គ្រួសារ ។

អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ ។

  • ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ

ផ្នែកទី សិទ្ធិ និងករណីកិច្ចរបស់សហព័ទ្ធ

មាត្រា ២៩៖ ក្នុងគ្រួសារ ប្តី ប្រពន្ធ ត្រូវមានភាពស្មើគ្នាលើគ្រប់ទស្សនៈ ។

មាត្រា ៣០៖  ប្តី ប្រពន្ធ មានករណីកិច្ចស្រឡាញ់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ថែ​រក្សាគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព ព្រមទាំងកសាងគ្រួសារមួយ​មានសាមគ្គីភាព និង ប្រកបដោយសុភមង្គល ។

គោលការណ៍ច្បាប់ស្រី ចំពោះច្បាប់បច្ចុប្បន្ន ៖

  • ច្បាប់ស្តីពីឯកពន្ធភាព (១២មាត្រា)

មាត្រា ៤៖  ទ្វេរពន្ធភាព ជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្តី្រមានប្តីពីរ ។

ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេរពន្ធភាព បុរស ឬស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍​ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ។

អ្នកសមគំនិតត្រូវមានទោសដូចគ្នា ។

មាត្រា ៩៖  ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) ឬ ផ្តន្ទាទោសណាមួយនៃទោសទាំងពីរ ។

មាត្រា ៣៥០ នៃក្រមព្រហ្មទណ្ឌ បទទ្វេរពន្ធភាព ។

អត្ថបទដើមជាកំណាព្យ សូមចុចទីនេះដើម្បីទាញយកជា PDF

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង FS1។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s