អក្សរសាស្ត្រខ្មែរ និង យុវជន

អក្សរសាស្ត្រខ្មែរជាមុខវិជ្ជាអត្ថិភាពមួយក្នុងចំនោមមុខវិជ្ជាដទៃទៀត​ដែល​ត្រូវ​សិក្សា ។​តាមការសង្កេតឃើញថា​បច្ចុប្បន្ន​យុវជន​មាន​ការសិក្សាខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នេះ​ទៅវិញ ។

តើមូលហេតុ​ខាងលើ​បណ្តាល​មកពី​កត្តាអ្វី? តើត្រូវ​មានវិធាន​ការ​យ៉ាងដូចម្តេច ដើម្បី​ឱ្យ​អក្សរ​សាស្ត្រខ្មែរ​មាន​ការ​រីកចំរើន និង​ស្ថិតស្ថេរ​គង់វង្ស?

 

សេចក្តីអធិប្បាយ

              គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែមានអក្សរសាស្ត្រ ភាសា ផ្ទាល់ខ្លួនសំរាប់ប្រើប្រាស់ ទាក់ទងគ្នា​នៅក្នុង​សង្គមជាតិរៀងៗខ្លួន ។ អក្សរសាស្ត្រ​នៃ​ជាតិ​នីមួយៗ​មាន​ការវិវឌ្ឍន៍ ប្រែប្រួល រីកចំរើនលូតលាស់ ឬ អន់ថយ ទៅតាមសង្គមមនុស្សនោះថែមទៀត ។ តួយ៉ាងអក្សរសាស្ត្រខ្មែរ​ក៏មាន​ការវិវឌ្ឍន៍  និង ប្រែប្រួល​យ៉ាងដូច្នោះ​ដែរ ។ តាមរយៈ​ការសង្កេត​បច្ចុប្បន្ន​ឃើញថា យុវជន​មានការសិក្សាខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នេះ​ទៅវិញ ។

              តើមូលហេតុខាងលើបណ្តាលមកពីកត្តាអ្វី?  តើត្រូវមានវិធានការយ៉ាងដូចម្តេច ដើម្បី​ឱ្យ​អក្សរសាស្ត្រ​ខ្មែរ​មាន​ការរីកចំរើន និង ស្ថិតស្ថេរគង់វង្ស?

              ដើម្បីជាជំនួយដល់សំរាយបញ្ហាប្រធានខាងលើគប្បីយល់ន័យពាក្យគន្លឹជាមុនសិន  ។ ដួចជាពាក្យ អក្សរសាស្ត្រ គឺមកពី ពាក្យ អក្សរ និង សាស្ត្រ ។ អក្សរ គឺជាស្នាមគំនូសសំរាប់សំគាល់ភាសា និង សាស្ត្រ សំដៅលើមធ្យោបាយ ក្បួន វិធី។ ដូចនេះ អក្សរសាស្ត្រ មានន័យថា គឺជាក្បួន​សិក្សា​ដោយប្រើ​អក្សរ​ជា​មធ្យោបាយ ជាគោល។ ឯពាក្យ អត្ថិភាព សំដៅ​លើ​ភាពចំបង ភាពនាំមុខ ហើយពាក្យ  យុវជន សំដៅលើ​ជន​ប្រុស ស្រី ដែល​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ កំពុង​ទទួលការ​សិក្សា​បណ្តុះបណ្តាល​អប់រំ។ ដូចនេះ​តាមន័យ​ប្រធាន​ចង់​និយាយ​ថា ជនប្រុស ស្រី​ដែល​កំពុង​សិក្សា​នា​សម័យបច្ចុប្បន្ន មាន​ការ​សិក្សា​ធ្លាក់​ចុះផ្នែក​អក្សរសាស្ត្រខ្មែរ តាមរយៈ​ការ​សង្កេត​កន្លង​មកនេះ។

              ជាការពិតណាស់ ខ្មែរធ្លាប់បានកសាងអរិយធម៌​រុងរឿង ល្បីល្បាញ ពេញ​ពិភព​លោក។ កេរតំនែល​ជាច្រើន​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​ដូចជា រូបបដិមា ចំលាក់ សិលាចារឹក    បណ្តាញ​ធារា សាស្ត្រ ប្រាសាទ​បុរាណ​នានា ពិសេស​ភាសា ជាមរតក​មួយ​ដ៏សំខាន់​ផងដែរ។ ភាសា​មាន​កំនើត​ដំនាលគ្នានឹង​កំណរ​កំនើត​មនុស្ស យ៉ាងណាមិញ​ប្រវត្តិសាស្ត្រ​ខ្មែរ​បានចែងថា ខ្មែរ​មាន​ប្រវត្តិតាំងពី​យូរយារ​ណាស់មកហើយ ប្រមាណ​ប្រាំពាន់​ឆ្នាំមុនគ.ស  ជា​ជាតិសាសន៍​ដែលធ្លាប់​មានអរិយធម៌​រុងរឿង ក្នុង​ចំនោម​ជាតិសាសន៍ដទៃ ក្នុង​ភូមិភាគ​អាស៊ី​អគ្នេយ៍។ ស្ថិត​នៅ​ក្នុង​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏យូរលង់នេះ ខ្មែរ​បាន​កសាង​តំលៃ​វប្បធម៌ និង​អរិយធម៌ ជា​អត្តសញ្ញាណជាតិ​របស់ខ្លួន ក្នុងនោះ​មាន​ភាសា​សំម្រាប់​ទាក់ទង ជាពិសេស​អក្សរសាស្ត្រ​មាន​ស្នាដៃ​អក្សរសិល្ប៍ ដែល​ឆ្លុះបញ្ចាំង​ពីប្រវត្តិសាស្ត្រជាតិ ពីចរិតខ្មែរ សង្គមខ្មែរ វប្បធម៌ និង សីលធម៌។

              ភាសា អក្សរខ្មែរ ក៏ដូចជា​ធាតុដទៃ​ឯទៀតៗ​នៃ​អរិយធម៌ តែងតែ​ប្រែប្រួល​ស្រប តាមការ​រស់​នៅ​របស់​មនុស្សក្នុងសង្គម ។ ជាក់ស្តែង​អក្សរសាស្ត្រខ្មែរ​មាន​ការវិវឌ្ឍន៍ បីលើកធំៗ​មកហើយ គឺ​អក្សរសាស្ត្រខ្មែរ​សម័យ បុរាណ អក្សរសាស្ត្រខ្មែរសម័យកណ្តាល និង​អក្សរសាស្ត្រខ្មែរ​សម័យទំនើប។ អក្សរសាស្ត្រខ្មែរ​សម័យបុរាណ គឺ​ចាប់​ពី​កំនណរ​កំនើតដល់ស.វទី១៥ ជាសិលាចារឹក និង​កំរង​អត្ថបទ​អក្សរសាស្ត្រ​ទាំងឡាយ​ដែល​រចនា​ចារលើ  ផ្ទាំងថ្ម​សិលា ជា​សន្លឹក​លើ​ជញ្ជាំង លើខ្លោងទ្វារ​នៃប្រាសាទ​នានា។ បន្ទាប់មកគឺ អក្សរសាស្ត្រ​ខ្មែរសម័យ កណ្តាល ចាប់ពីស.វទី១៦ ដល់ស.វទី១៩ ជា​សំណុំ​ចង្កោម​អត្ថបទ​ដែល​អ្នកនិពន្ធ​រចនា​ឡើង​ក្រោយសម័យ បុរាណ និង​បច្ចុប្បន្ន។ អត្ថបទ​មានទំហំ​ខ្លី ដោយសារ​ការ​សរសេរចារ​លើផ្ទាំងថ្ម​ជាការ​លំបាក ហើយប្រើពេលយូរ ម៉្យាងទៀត​ពេលសម័យ​អាណានិគមត្រួតត្រា វិវឌ្ឍន៍​នៃភាសាខ្មែរ​ត្រូវបាន​បន្ថយល្បឿន ហើយ​ទៅ​សំងំ​នៅ​តាម​វត្តអារាម ដែលមាន​ព្រះសង្ឃ​ជួយថែរក្សា ។ គេ​បង្ខំ​ឱ្យ​រៀន​ភាសាបារាំង​ជា​ភាសាយាន្ត​ផ្លូវការ ដែល​ជា​បុព្វហេតុ​នាំឱ្យ​ខូចប្រយោជន៍​ដល់​ភាសាជាតិ។ បុន្តែការសិក្សា​នៅតែមាន​ជីវិត​ក្នុងទីវត្ត​អារាមនានា ដែល​ជា​សាលា រៀន​លេខ រៀន​អក្សរ វិជ្ជាជីវៈ សីល​ធម៌ ហើយ​ជាពិសេស​សិក្ខាកាម​នៅតាម​សាលាវត្តនេះ​ហើយ​ដែលជា​អ្នក​ផលិត​អក្សរសាស្ត្រ​សម័យកណ្តាល​ដោយបានចារ សរសសេរ​លើ​ស្លឹករឹត ស្លឹកត្នោត ក្រាំង ទាំងឡាយ​ជាដើម។ ចុងក្រោយគឺ អក្សរសាស្ត្រខ្មែរសម័យទំនើប ជាអត្ថបទដែល​បានតាក់តែង សរសេរនៅ​ស.វទី២០ ហើយ​អត្ថបទ​ទូទៅ​បោះពុម្ភ​លើក្រដាស មានចំនួន​ច្រើន​ច្បាប់ ព្រមទាំង​មានលក្ខណៈ​ងាយស្រួល ក្នុងការ​សិក្សាស្រាវជ្រាវ ជាង​សម័យ​មុនៗ ។

              ប៉ុន្តែទោះបីជា​មាន​ភាពងាយ​ស្រួល ក្នុងការ​សិក្សា​ស្រាវជ្រាវ ក៏សង្កេត​ឃើញថា បច្ចុប្បន្ន​យុវជន​មានការ​សិក្សាខ្សោយ ផ្នែកអក្សរសាស្ត្រ​ខ្មែរ នេះទៅវិញ ។ ដោយសារ យុគសម័យថ្មី​ជាសម័យ​ទំនើប វិវឌ្ឍន៍​នៃ​សង្គម​ឈានទៅរក​ភាពជឿនលឿន ម្លោះហើយ​ទើបកត្តា សំខាន់ៗ​ពីរ​ដែល​ធ្វើឱ្យ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់ការ​សិក្សា​របស់​យុវជន​សព្វថ្ងៃ គឺ កត្តាខាងក្នុង និង កត្តាខាងក្រៅ ។ កត្តាខាងក្នុង គឺជាកត្តាមួយ​ដែល ទាក់ទង​ទៅនឹង ការ​ប្រព្រឹត្ត​របស់ខ្លួន​យុវជនផ្ទាល់ ទាំងស្ថានភាពក្នុង​ គ្រួសារ និង សាលារៀន។ រីឯ​កត្តា​ខាងក្រៅ​រួមមាន​មជ្ឈដ្ឋាន​សង្គម ឥទ្ធិពល​នៃ​វប្បធម៌​បរទេស និង ចំនុចអសកម្ម​មួយចំនួន ។ ជាក់ស្តែងកត្តាខាងក្នុង យុវជន​មាន​ការសិក្សា​ខ្សោយ ដោយសារ​គ្មានការ​ព្យាយាម មើលស្រាល​ចំណេះដឹង មិនបាន​យកចិត្ត​ទុកដាក់​ចំពោះ​ការសិក្សា​រៀនសូត្រ គ្មានគ្រឹះ​ពី​ថ្នាក់ក្រោម និង​ការសេព​គប់មិត្តភក្តិ​ពាលា​អាវ៉ាសែ ដែលនាំ​ឱ្យខ្លួន​ឃ្លាតឆ្ងាយ​បន្តិចម្តងៗ​ពីការរៀនសូត្រ ដូចពាក្យស្លោកមួយឃ្លា​លើកឡើងថា « នៅជិតអ្នកប្រាជ្ញនឹងក្លាយជាបណ្ឌិត តែបើនៅជិតពាលនឹងក្លាយទៅជាចោរ »។ ចំណែក​ឯបញ្ហា​ស្ថានភាពគ្រួសារ ក៏ជា​មូលហេតុ​ទាក់ទង​នឹង​ការរៀនសូត្រ​របស់យុវជន​ដែរ ដូចជា គ្រួសារ ខ្លះមានជីវភាពលំបាក ត្រូវបញ្ឈប់ការរៀនសូត្រ មកជួយធ្វើការផ្ទះ គ្រួសារ​ខ្លះទៀត​មានវិបត្តិ​ក្នុងគ្រួសារ ដូចជាអំពើហិង្សា ល្បែងស៊ីសង ឪពុកម្តាយ​ពុំបាន​តាមដាន យកចិត្ត​ទុកដាក់​ចំពោះ​ការរៀនសូត្រ​របស់កូន ឯខ្លះទៀត ទម្រើស​កូន ដូចជា​ការសូកប៉ាន់​កូន​ឱ្យ​ជាប់​សញ្ញាបត្រ័ ឬ ឡើងថ្នាក់​ជាដើម ។ ពិសេស​បច្ចុប្បន្ន គេសង្កេតឃើញ គ្រួសារខ្លះ ដែលមានជីវភាពធូរធារ តែងតែបញ្ជូនកូនឱ្យទៅសិក្សា​ភាសាបរទេស តាមសាលាឯកជន ដែលជា​ហេតុនាំឱ្យ​កុមារឃ្លាតឆ្ងាយ និង មិនបាន​យកចិត្ត​ទុកដាក់​ចំពោះ​អក្សរសាស្ត្រខ្មែរ ។ ចំណែក​សាលារៀន ក៏ចូលរួមចំណែក​ផងដែរ ចំពោះការសិក្សា​របស់​យុវជន ដូចជា វិន័យសាលា ធូរ​រលុង​ពេក មានអំពើសូកប៉ាន់ ហើយ​បរិស្ថាន​ជុំវិញសាលា ពោរពេញ​ទៅដោយ រូបភាព​អសកម្ម​មួយ​ចំនួន ដូចជា កន្លែងកំសាន្ត ល្បែង ជាដើម។ ចំណុច​មួយទៀត​គឺ កត្តាខាងក្រៅ ពោលគឺ មជ្ឈដ្ឋាន​សង្គម ។ ពេលដែល​យុវជន ស្ថិតក្រោម​បរិយាកាស​សង្គម ភ្លើតភ្លើន ទំនើបកម្ម​នោះ បាន​ធ្វើឱ្យ​យុវជន មួយចំនួន ក្លាយ​ជាមនុស្ស ឆើតឆាយ ចង់សប្បាយ ហ៊ឺហា រហូត​ភ្លេច​ការសិក្សារបស់ខ្លួន ។ ឧទាហណ៍ ប្រទេសកម្ពុជា​សព្វថ្ងៃ​សំបូរ​ទៅដោយ កន្លែងកំសាន្ត កន្លែង​ប្រព្រឹត្ត​ល្បែងស៊ីសង សំភារៈនិយម ទំនើប ដូចជា ទូរស័ព្ទ សំលៀកបំពាក់ យាន្តជំនិះ​ទាន់សម័យ ការប្រកួតប្រជែង​បង្អួតគ្នា ព្រមទាំងការទទួល​យកនូវ​វប្បធម៌បរទេស​អសកម្ម​មួយ​ចំនួន (វប្បធម៌កូរ៉េ មានចម្រៀង និង សម្លៀកបំពាក់ជាដើម) ។ តាមរយៈ​ទស្សនៈ​នៃ​ការស្រាវជ្រាវ បានបង្ហាញថា ​កត្តា សំភារៈនិយម ​ក៏​ជា​ផ្នែក ដែល​នាំឱ្យ​យុវជន​មានការ​សិក្សា​ធ្លាក់ចុះ។ ចំនែកឯប្រព័ន្ធ​នៃ​ការផ្សព្វផ្សាយ​ពី ការអប់រំ​តាមរយៈ​ទូរទស្សន៍ សៀវភៅ ទស្សនាវដ្តី កាសែត បណ្ណាល័យ​នៅមានកម្រិត​នៅឡើយ។ ម៉្យាងទៀត​គំនិត​អវិជ្ជមាន​មួយចំនួន ពុំបានឱ្យតំលៃ​ទៅលើ​អក្សរសាស្ត្រខ្មែរ​នោះទេ ដូចជាការ​បន្តុះបង្អាប់ រិះគន់ ចាត់ទុក​មុខវិជ្ជា​ភាសាខ្មែរ ជាមុខវិជ្ជា​ចង្អៀត មានលក្ខណៈ​មិនទូលាយ​អន្តរជាតិ ដោយសារ ការយក​ទៅប្រៀបធៀប​នឹង​មុខវិជ្ជា វិទ្យាសាស្ត្រ មាន គណិតវិទ្យា គីមីវិទ្យា ជាដើម ។ គំនិតអគតិទាំងនោះ​ពុំបាន យល់ច្បាស់ អំពីតម្លៃ​នៃ​អត្តសញ្ញាណជាតិ អក្សរសាស្ត្រជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់ ជា​ភាសាយាន្ត​សំរាប់​ជាតិសាសន៍​ខ្មែរនោះទេ រហូតពេលខ្លះ យកភាសា​បរទេសមក​ប្រើប្រាស់ ទាក់ទងគ្នា ពេល​ដែល​មិនចាំ​បាច់ទៀតផង ។ ដោយសារ​ចំនុច​អវិជ្ជមាន​ខាងលើនេះហើយ ទើប​យុវជន​ខ្មែរ​បច្ចុប្បន្ន មានកំរិត​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​កាន់តែខ្សោយ​ទៅៗ ។

              ប្រសិនបើយើងបានដឹងពី​ចំនុច​អវិជ្ជមាន​ខាងលើ​ទាំងអស់នេះហើយ យើងត្រូវ​យល់​ឱ្យ​បានច្បាស់ អំពី​ដើមកំណើត និង ក្បួនខ្នាត​ដ៏ប្រពៃ នៃ​ភាសាជាតិខ្មែរ ព្រម​ជាមួយ​នឹង​សំនួរថា តើយើងជាខ្មែរ ត្រូវមានករណីកិច្ចបែបណា ដើម្បីឱ្យអក្សរសាស្ត្រ និងភាសាខ្មែរគង់វង្ស ស្ថិតស្ថេរ? ទោះបី​ជាមាន​ការលំបាក ក្នុង​ការ​កែលំអ​ក៏ដោយ ដើម្បី​ឱ្យ​ភាសាខ្មែរ និង អក្សរសាស្ត្រ​ខ្មែរ​មាន​ការរីកចម្រើន គង់វង្ស យើងត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ស្រាវជ្រាវ​ភាសា អក្សរសាស្ត្រជាតិ តាម​ក្បួនច្បាប់​វេយ្យាកណ៍ មានវចនានុក្រម សម្តេច ជួន ណាត ជាគោល ព្រមទាំងធ្វើយ៉ាងណា​ដើម្បី​អោយមានឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់ ។ ទន្ទឹមនឹងនេះ ត្រូវប្រើភាសា អក្សរសាស្ត្រជាតិ ជាភាសាយាន្ត ផ្លូវការ ហើយ​ខិតខំ សរសេរ​ស្នាដៃ​ឱ្យ​បានច្រើន និង ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ដល់​មនុស្ស​ជាតិ អន្តរជាតិ ឱ្យគេបានដឹង បានលឺ  បាន​ស្គាល់ ។ ត្រូវវ​លើកតំកើង ឱ្យ​តំលៃ​ភាសា អក្សរសាស្ត្រជាតិ មោទនភាព ចំពោះ​ភាសា​ជាតិខ្លួន ចៀសវាង និយាយ​ភាសាបរទេស ក្នុង​ករណី​មិនចាំបាច់ ។ ក្នុង​នោះ​រាជរដ្ឋាភិបាល ក៏ចូលរួម​ចំណែក​ផងដែរ ចំពោះ​អក្សរសាស្ត្រ​ជាតិ ដូចជា​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ បណ្ណាល័យ បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ជាលក្ខណៈ​ជាតិ បង្កើត​សមាគម​អក្សរសាស្ត្រខ្មែរ លើក​ទឹកចិត្ត​ដល់​អ្នកនិពន្ធ​ស្នាដៃ​អក្សរសិល្ប៍ ព្រមទាំងលើកតម្លៃ​អក្សរសាស្ត្រជាតិ​ក្នុងកម្មវិធី​សិក្សា ដោយ​ផ្សារ​ភ្ជាប់ទៅ​នឹង​ទីផ្សារ​ការងារ​ផងដែរ។

              សរុបសេចក្តីមក  អក្សរសាស្ត្រខ្មែរ មានតម្លៃ​ទូលំ​ទូលាយ ជាមរតក​ដែលបុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកឱ្យ ។ គេពុំ​អាច​កាត់ផ្តាច់​អក្សរសាស្ត្រ ចេញ​ពី​មុខវិជ្ជា​ដទៃ​ទៀត​បាន​ឡើយ ។ ផ្ទុយទៅវិញ ប្រជាជាតិ ត្រូវ​ការ​ប្រើប្រាស់ ភាសា អក្សរសាស្ត្រ​ជាតិខ្លួន និងត្រូវចាត់ទុកជានិច្ចនូវអក្សរសាស្រ្តខ្មែរ ជាអត្តសញ្ញាណជាតិ មួយដ៏​សំខាន់​ផងដែរ ។ ទោះបី​ជាមានការ​លំបាកខ្លះៗ ក្នងការ​សរសេរ ឬ និយាយ ដោយសារ​តែ​ឥទ្ធិពល​បរទេស​មកលើ​ភាសាខ្មែរ​យើង​យ៉ាងណាក៏ដោយ ក៏អក្សរសាស្ត្រ​ខ្មែរ មានលក្ខណៈ​ពិសេស​របស់ខ្លួន ខុសប្លែក​ពីភាសា អក្សរសាស្ត្រ​នៃ​ជាតិដទៃ។

              យោងតាម​ការបកស្រាយ​ខាងលើ​រួចមក ឃើញថា​ប្រធានបទ ដែលទាក់ទង​នឹង​អក្សរសាស្ត្រខ្មែរនេះ បាន​ពញ្ញាក់​ស្មារតី ឱ្យអ្នកអាន អ្នកសិក្សា​ស្វែងយល់​ច្បាស់​ពីតម្លៃ នៃ​អក្សរសាស្ត្រ​ជាតិ​ខ្លួន ពីព្រោះ​បើ អក្សរសាស្ត្រ​បាត់បង់ នោះ​ជាតិ​ក៏​ត្រូវ​សាបសូន្យ​ផងដែរ ដោយសារ​តែ​គ្មាន​អត្តសញ្ញាណ​របស់ខ្លួន ។ ដូចនេះ ក្នុងនាម ជាយុវជន ក៏ដូចជា​ពលរដ្ឋ គ្រប់​រូប ត្រូវ​មាន​ស្មារតី​ជាតិនិយម លើកតម្កើង​ភាសា​ជាតិ ខិតខំ​ការពារ អក្សរសាស្ត្រ​ខ្មែរ កុំ​បង្អាប់ និងកុំទាញ​បញ្ចូល​ទៅក្នុង​ក្បួន​ភាសាបរទេស ។ លើសពីនេះ​ទៅទៀត ត្រូវខំពង្រឹង និង ពង្រីក ឱ្យកាន់​តែ​ដុះដាល​ឡើង ។ បើខ្មែរ​ម្នាក់ៗ មាន​ស្មារតី​ជាតិ​និយម​បែបនេះមែន យើង​សង្ឃឹមថា អក្សរសាស្ត្រ​ជាតិយើង មុខជា​មានការរីកចម្រើន លូតលាស់ ហើយ​ក្លាយ​ជាគ្រឹះយ៉ាង​រឹងមាំ​នៃ​ជាតិខ្មែរ​ជា​ពុំខាន ។

ដោយ រតនា

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វិទ្យាល័យ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ អក្សរសាស្ត្រខ្មែរ និង យុវជន

  1. មិន​មែន​ធ្លាក់​ចុះ​តែ​អក្សរសាស្ត្រ​នោះ​ទេ គឺ​ធ្លាក់​ចុះ​គ្រប់​មុខ​តែ​ម្ដង។ អ្នក​ដែល​ពូកែ​គេ​កាន់​តែ​ពូកែ​ ហើយ​ពូកែ​ជាង​អ្នក​ជំនាន់​មុន តែ​មនុស្ស​ផ្សេង​ទៀត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លេខនព្វន្ត រូប​គីមី … សាក​ចាប់​អ្នក​ប្រឡង​បាក់ឌុប​ជាប់​ថ្មីៗ មក​សួរ​លេង​មើល​ ដឹង​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s