ស្ថាប័នព្រះមហាក្សត្រ

ស្ថាប័នព្រះមហាក្សត្រ

សេចក្តីផ្តើម

ខ្មែរមានប្រវត្តិតាំងពីយូរយារណាស់មកហើយ ប្រមាណប្រាំពាន់ឆ្នាំមុនគ.ស  ជាជាតិ​សាសន៍ ដែលធ្លាប់មាន​អរិយធម៌​រុងរឿង​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​ភូមិភាគ​អាស៊ី​
អាគ្នេយ៍។ តាមប្រវត្តិសាស្ត្រ ខ្មែរជាប្រទេសដែលប្រកាន់ របបរាជានិយម ។ តួយ៉ាងសម័យនគរភ្នំ ពីសតវត្សទី១ ដល់ពាក់កណ្តាលសតវត្សទី៦ ជាសម័យកាលដំបូង នៃប្រទេសកម្ពុជា ដែលមានបឋមក្សត្រជាអ្នកដឹកនាំ ប្រទេស ព្រះនាម ព្រះបាទហ៊ុន ទៀន រឺ កៅណ្ឌិន្យ ។ ព្រះរាជាមានឋានន្តរនាម ជាក្រុងភ្នំ ជាតំនាងអាទិទេព ម្លោះហើយ បានជាអំនាចរបស់ព្រះអង្គទូលំទូលាយណាស់ ។ ការបន្តរាជសម្បត្តិ ត្រូវបន្តពីបិតាទៅបុត្រ ហើយជួនកាល រាស្ត្រអាចលើកវរជនដែលខ្លួនពេញចិត្តឱ្យឡើងកាន់អំនាច ដូចករណីព្រះបាទ ហ្វាន ចេម៉ាន់  ដែលដើមឡើយជា  មេទ័ព។ រីឯសម័យចេនឡា ការផ្ទេររាជសម្បត្តិ គឺមានបុត្រនៃ អគ្គមហេសីទេទើបឡើងសោយរាជ្យបាន ហើយនៅថ្ងៃអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃ ច្រមុះនៃបុត្រឯទៀត រួច យកទៅឃុំទុកនៅទីដទៃៗពីគ្នា មិនឱ្យកាន់តំនែងអ្វីសោះឡើយ (ប្រវត្តិសាស្ត្រភាគ១ ត្រឹង ងារ ទំព័រ១២៧-១២៨)។ ក្រោយមកគឺសម័យអង្គរ ពីដើមសតវត្សទី៩ ដល់សវត្សទី១៣ ដែលមានព្រះបាទ ជ័យ វរ្ម័ន ទី២  និង ព្រះមហាក្សត្រ ក្រោយៗមកទៀត។  ក្នុងសម័យដ៏រុងរឿងនេះ គេសង្កេតឃើញនូវវិសាលភាពទឹកដី លាតសន្ឋឹងស្ទើរអស់ឥណ្ឌូចិន ហើយអរិយធម៌បានឡើងដល់កំរិតកំពូល។ នៅសម័យអង្គរ ព្រះមហាក្សត្រមានអំនាចខ្លាំងក្លាណាស់ ហើយក៏ពុំមែន មានន័យថាព្រះអង្គ ជាអ្នកកាន់អំនាចផ្តាច់ការនោះដែរ ព្រោះព្រះមហាក្សត្រត្រូវគោរពវិន័យក្សត្រ គោរពសិក្ខាបទ សាសនា ពោលគឺ ព្រះអង្គត្រូវគោរពទសពិធរាជធម៌។ ចំពោះការបន្តរាជសម្បត្តិតាមគោលការណ៍ មានតែព្រះរាជបុត្រ ច្បងទេដែលអាចឡើងសោយរាជ្យបាន។

រាជាធិបតេយ្យ គឺជាភស្តុតាងនៃយុគសម័យដ៏សំបូរសប្បាយនៃអរិយធម៌ខ្មែរ។ ឬសគល់រាប់ពាន់ឆ្នាំរបស់ខ្លួន គឺជាធាតុចំបងនៃប្រវត្តិនយោបាយកម្ពុជា។

ប្រវត្តិរាជាធិបតេយ្យប្រទេសកម្ពុជា(សង្គមរាស្ត្រនិយម១៩៩៣)

ប្រទេសកម្ពុជា ជួបប្រទះនូវរដ្ឋធម្មនុញ្ញែប្លកៗជាច្រើន ហើយជួបប្រទះនឹងរបៀបគ្រប់គ្រងប្រទេស គ្រប់បែបយ៉ាង៉។ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ត្រូវបានសើររើច្រើនលើក ពិសេសនៅពេលដែលព្រះមហាក្សត្រ នរោត្តម សុរាម្រឹត ទ្រង់ចូលទីវង្គតថ្ងៃទី ៣ មេសា ឆ្នាំ ១៩៦០ ហើយព្រះរាជបុត្រ នរោត្តម សីហនុ  មិនព្រមឡើងគ្រងរាជ្យ តែដោយមហាបាតុកម្មមហាជនសុំទាមទារឱ្យព្រះអង្គកាន់កាប់កិច្ចការរដ្ឋ ចាប់ពីពេលនោះរហូតមកដល់ឆ្នាំ ១៩៧០ ព្រះ នរោត្តម សីហនុ បានដៅជាប់ស្នាមនៅព្រះរាជាណាចក្រកម្ពុជា ដែលអំនាចទាំងអស់បានប្រគល់ថ្វាយ ព្រះអង្គដោយប្រជារាស្ត្រ  ក្នុងឋានៈព្រះអង្គជាប្រធានចលនាប្រមូលផ្តុំប្រជារាស្ត្រតាមសង្គមនិយមដែលមាន ឈ្មោះថា           “សង្គមរាស្ត្រនិយម” ។ នេះជាកិច្ចតបស្នងគុណ ដែលព្រះអង្គបានទាមទារឯករាជ្យពីបារាំងទាំងស្រុងនៅឆ្នាំ ១៩៥៣ ។

សន្និសិទទីក្រុងប៉ារីស ស្តីពីវៀតណាម នាំឱ្យកម្ពុជាប្រកាន់ឥរិយាបថជំហរប្រទូសរ៉ាយជាមួយប្រទេស ជិតខាង។ រដ្ឋាភិបាលមានឈ្មោះថា “ស្រោចស្រង់ជាតិ” ដែលដឹកនាំដោយ លន់ នល់  បានដកហូតនូវកិច្ចការរដ្ឋពី សម្តេច សីហនុ ព្រោះថា រដ្ឋាភិបាល និង យោធា នៅក្រោមការត្រួតត្រារបស់ រដ្ឋាភិបាល។ សមាជសភារួមក្រោមការ ដឹកនាំសភា ថ្ងៃ ១៨ មិនា ឆ្នាំ ១៩៧០ បានទម្លាក់តំនែងប្រមុខរដ្ឋពី សម្តេច នរោត្តម សីហនុ ដែលកំពុងធ្វើទស្សនកិច្ច នៅក្រៅប្រទេស។ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ នៅជាធរមាន លើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងគតិសាធារណរដ្ឋ និយម ដែលមានឈ្មោះថា“សាធារណរដ្ឋខ្មែរ” ដែល លន់ នល់ ប្រកាសជាផ្លូវការ នាថ្ងៃ ០៩ តុលា ១៩៧០។ នាថ្ងៃ ១៧ មេសា ១៩៧៥ ខ្មែរក្រហមកាន់កាប់ប្រទេស ហើយបង្ខំឱ្យមានរដ្ឋធម្មនុញ្ញ នាថ្ងៃ ០៥ មករា ១៩៧៦ “កម្ពុជាប្រជាធិតេយ្យ” ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គណៈបក្សប្រជាជន បដិវត្តន៍កម្ពុជា យកឈ្នះទ័ពខ្មែរ ក្រហម ហើយអនុម័តគំរោងរដ្ឋធម្មនុញ្ញមួយមានឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលចាត់ទុកជារបប សភា ហើយនៅឆ្នាំ ១៩៨៩ បានប្រែឈ្មោះប្រទេសថា “រដ្ឋកម្ពុជា”។

នាឆ្នាំ ១៩៩៣ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស សភាធម្មនុញ្ញបានកំនត់ រដ្ឋធម្មនុញ្ញមួយហើយ កម្ពុជា បានវិលមករាជានិយមវិញ ដែលព្រះមហាក្សត្រគ្រងរាជសម្បត្តិ តែមិនគ្រប់គ្រងអំនាច អំនាចទាំងអស់ មិនចេញពីព្រះអង្គទេ។ ចាប់ពីឆ្នាំ ១៩៩៣ មក រាជាធិតេយ្យ បន្តដើរតួនាទីជាអាទិភាពក្នុងការព្រមព្រៀងនយោបាយ ដែលបង្កើតឱ្យមានការឯកភាពគ្នារវាងជនជាតិខ្មែរ និង ជនជាតិខ្មែរ។

.    ព្រះមហាក្សត្រ

ព្រះមហាក្សត្រ ជាស្ថាន័ដំបូងបង្អស់ ដែលរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជាបានចែង។ ក្នុងជំពូក ២ នៃ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ចែងពី“ព្រះមហាក្សត្រ” ហើយជាជំពូកដែលមានច្រើនមាត្រាជាងគេ គឺ ២៤មាត្រា ពីមាត្រា ៧ ដល់មាត្រា ៣០ ។ មាត្រា ១ នៃរដ្ឋធម្មនុញ្ញែចងថា“ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ”។ ព្រះរាជាណាចក្រ ជារដ្ឋដែលមានស្តេចសោយរាជ្យ។

.   ការជ្រើសរើសព្រះមហាក្សត្រ

យោងតាមមាត្រា ១០ នៃរដ្ឋធម្មនុញ្ញ “ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ ឥតមានព្រះរាជអំណាចចាត់តាំងព្រះរាជាទាយាទសំរាប់គ្រងរាជសម្បត្តិឡើយ ”។ ការជ្រើសយករបបរាជានិយម ជ្រើសតាំង ដោយរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មិនមែនជាបញ្ហាថ្មីទេ បើគេពិនិត្យប្រវត្តិរដ្ឋធម្មនុញ្ញែខ្មរ តាំងពីសម័យអង្គរ ក្រោយអង្គរ និង សម័យទំនើប។ មាត្រា ១០ បានបង្ហាញពីអស្តភាព គឺភាពប្រព្រឹត្តទៅមិនបានរបស់ព្រះមហាក្សត្រ ក្នុងការតែងតាំងរាជទាយាទ ដែលខុសពីរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ត្រង់មាត្រា ២៦ អនុញ្ញាតឱ្យព្រះមហាក្សត្រ បន្ទាប់ពី ការពិភាក្សាពីគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សារាជសម្បត្តិ តែងតាំងរាជទាយាទរបស់ខ្លួន ក៏ដូចជាការកែប្រែការ តែងតាំងនេះ។

បើយោងតាមមាត្រា ១៣ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ការបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រត្រូវធ្វើ ឡើងដោយក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព ៖

–                ប្រធានព្រឹទ្ធសភា

–                ប្រធានរដ្ឋសភា

–                នាយករដ្ឋមន្ត្រី

–                សម្តេចសង្ឃរាជគណៈមហានិកាយ និង គណៈធម្មយុត្តិនិកាយ

–                អនុប្រធានទី ១ និង អនុប្រធានទី ២ ព្រឹទ្ធសភា

–                អនុប្រធានទី ១ និង អនុប្រធានទី ២ រដ្ឋសភា

ការរៀបចំ និង ការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានកំនត់នៅក្នុងច្បាប់មួយ។ ច្បាប់ស្តីពីការ រៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ប្រកាសឱ្យប្រើ កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០០៤ បន្ទាប់ពីការដាក់រាជសម្បត្តិ របស់ព្រះមហាក្សត្រ នរោត្តម សីហនុ។ ច្បាប់នេះមាន ៥ ជំពូក ១៨ មាត្រា និង ចែងថា ប្រធានព្រឹទ្ធសភា ជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ ប្រធានរដ្ឋសភា ជាអនុប្រធានទី ១ ចំនែកនាយករដ្ឋមន្ត្រី រ៉ាប់រង អនុប្រធានទី ២។ ក្រុមប្រឹក្សា អាចប្រជុំបាន ប្រសិនបើសមាជិកយ៉ាងតិច ៥ រូប ក្នុងចំនោម ៩ រូប មានវត្តមាន។  សេចក្តីសំរេចរបស់ក្រុមប្រឹក្សា ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី ត្រូវធ្វើឡើងដោយមតិភាគច្រើនដាច់ខាត ហើយមិន មានមាត្រាណាមួយចែងពីសម្លេងឧត្តមានុភាពនោះទេ។

ការជ្រើសរើសរបស់ក្រុមប្រឹក្សារាជសម្បត្តិ មិនអាចធ្វើឡើងដោយសេរីទេ ៖ ក្រុមប្រឹក្សាអាចធ្វើការជ្រើស រើសព្រះមហាក្សត្រ តែពីចំនោមរាជទាយាទមួយចំនួនប៉ុណ្ណោះ។ យោងតាមមាត្រា ១៤    វាក្យខណ្ឌទី ១     ចែងថា     “ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះ ជន្មាយុ យ៉ាងតិច ៣០ ព្រះវស្សា ហើយជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬក៏ ព្រះមហាក្សត្រ ស៊ី សុវត្ថិ ” ។

.   អំណាចរបស់ព្រះមហាក្សត្រ

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបុព្វសិទ្ធធម្មតាទៅតាមព្រះរាជតួនាទីរបស់ព្រះអង្គ។

–                យោងតាមមាត្រា ៧ វាក្យខណ្ឌទី ២ “ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ” ។

–                យោងតាមមាត្រា ៧ វាក្យខណ្ឌទី ៣ “ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ”។

–                យោងតាមមាត្រា ៨ ៖

ព្រះមហាក្សត្រព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។

ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការគោរពសន្ធិសញ្ញាអន្តរជាតិ។

              – មាត្រា ៩ ៖ ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាច  សាធារណៈឱ្យមានភាពទៀងទាត់ ។

              រដ្ឋធម្មនុញ្ញ រៀបរាប់ពីអំណាចរបស់ព្រះមហាក្សត្រ ដែលសុទ្ធតែជាតួនាទីជាតំណាងតាមទំលាប់ ៖

–                ការតែងតាំងនាយករដ្ឋមន្ត្រី និង សមាជិករាជរដ្ឋាភិបាល បន្ទាប់មកទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភា (មាត្រា ១៩ ) ។

–                ការរំលាយរដ្ឋសភា តាមការស្នើរសុំពីនាយករដ្ឋមន្ត្រី និង ដោយមានការយល់ព្រមពីប្រធានរដ្ឋសភា (មាត្រា ៧៨ ) ។

–                ព្រះរាជសិទ្ធិស្នើរសុំពន្យារនីតិកាលរបស់រដ្ឋសភា ក្នុងកាលៈទេសៈពិសេស។ ព្រះរាជសំនើរនេះ ត្រូវ សំរេចដោយមតិយល់ព្រមពីរភាគបីនៃចំនួនសមាជិកសភាទាំងមូល (មាត្រា ៧៨ ) ។

–                ការតែងតាំង ផ្លាស់ប្តូរ និង បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត ប្រេសិត  វិសាមញ្ញ និង ពេញសមត្ថភាព តាមសេចក្តីស្នើរសុំរបស់គណៈរដ្ឋមន្ត្រី និង ការតែងតាំងផ្លាស់ប្តូរ និង ដកចៅក្រម តាមសេចក្តីស្នើរសុំរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (មាត្រា ២១ ) ។

–                ការប្រកាសប្រទានដំនឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹត្តសភា (មាត្រា ២២ ) ។

–                ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ ប៉ុន្តែអគ្គបញ្ជាការកងយោពលខេមរភូមិន្ទត្រូវបាន តែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ (មាត្រា ២៣ ) ។

–                ប្រកាសសង្គ្រាម ក្រោយការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា (មាត្រា ២៤ ) ។

–                ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ និង ប្រទានសច្ចាប័នលើសន្ធិសញ្ញា       និង អនុសញ្ញាអន្តរជាតិទាំងនោះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា  (មាត្រា២៦ ) ។

–                បង្កើត និងប្រទានគ្រឿងឥស្សរយសជាតិតាមសេចក្តីស្នើរសុំពីគណៈរដ្ឋមន្ត្រី (មាត្រា ២៩ ) ។

–                ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងច្បាប់ដែលសភាបានអនុម័តយល់ព្រម និងឡាយព្រះហស្ថលេខាលើព្រះ រាជក្រឹត្យតាមសេចក្តីស្នើរសុំពីគណៈរដ្ឋមន្ត្រី (មាត្រា ២៨ ) ។ ពាក់ព័ន្ធនឹងការប្រកាសឱ្យប្រើច្បាប់នេះ ប្រសិនបើទ្រង់យល់ថា ច្បាប់មានលក្ខណះអធម្មនុញ្ញភាព ព្រះអង្គអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មុន និង ក្រោយពេលច្បាប់ប្រកាសឱ្យប្រើ តាមមាត្រា ១៤០ និង មាត្រា ១៤១ ។

–                ព្រះមហាក្សត្រ ព្រះអង្គទ្រង់កោះប្រជុំ ចំពោះការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា ៦០ ថ្ងៃ យ៉ាងយូរ ក្រោយពេលបោះឆ្នោតជ្រើសរើសតំនាងរាស្ត្រ(មាត្រា ៨២ ) ហើយព្រះអង្គមានព្រះរាជសិទ្ធិ ស្នើរសុំឱ្យមានការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ (មាត្រា ៨៣ ) ។

–                ព្រះមហាក្សត្រ ព្រះអង្គ មានព្រះរាជសិទ្ធិទាក់ទងជាមួយរដ្ឋសភា និង ព្រឹទ្ធសភាដោយព្រះរាជសារ (មាត្រា ១៨ ) ។

–                ព្រះមហាក្សត្រ ព្រះអង្គ មានព្រះរាជសិទ្ធិទទួលបាននូវពត៌មានស្តីពីសភាពការណ៍នៃប្រទេសជាតិ ពីសំណាក់នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រី នៅក្នុងសវនាការជាផ្លូវការពីរដងក្នុងមួយខែ         (មាត្រា ២០ ) ។

–                ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេស ក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា (មាត្រា ២៥ ) ។

–                ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស (មាត្រា ២៧ )។ បុព្វសិទ្ធិ ទាំងពីរនេះ ជាទូទៅត្រូវផ្តល់ទៅឱ្យប្រមុខរដ្ឋគ្រប់ធម្មនុញ្ញទាំងអស់។ ព្រះមហាក្សត្រ អាចប្រើប្រាស់វា ទៅតាមការស្នើរសុំរបស់បុគ្គលដែលត្រូវបានផ្តន្ទាទោស ពីក្រុមគ្រួសាររបស់ពួកគេ រឺ ពីរាជរដ្ឋាភិបាល។ ដូនេះ ទណ្ឌិតអាចរួចពីការទទួលទោសមួយផ្នែក រឺ ទាំងស្រុង។

–                ព្រះមហាក្សត្រ ទ្រង់មានផងដែរនូវ “បុព្វសិទ្ធិជាព្រះប្រធាន ” នៃស្ថាប័នរដ្ឋ ដូចជា ៖

  • ឧត្តមក្រុមប្រឹក្សាការពារជាតិ (មាត្រា ២៤ )។
  • ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ព្រះរាជតំនាងម្នាក់ ត្រូវបានចាត់តាំងដោយព្រះមហា ក្សត្រ ដើម្បីធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានេះ (មាត្រា ១៣៤ ) ។
  • សមាជជាតិ (មាត្រា ១៤៨ )។
  • ក្រុមប្រឹក្សាធម្មនុញ្ញ ព្រះមហាក្សត្រ ទ្រង់តែងតាំងសមាជិក ៣ រូប ។ ព្រះមហាក្សត្រ ទ្រង់ ក៏មានព្រះរាជសិទ្ធិ ប្តឹងក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ផងដែរ (មាត្រា ១៤០ និង មាត្រា ១៤២ ) និង ការកែប្រែរដ្ឋធម្មនុញ្ញ (មាត្រា ១៤៣ ) ។

សន្និដ្ឋាន

ប្រទេសកម្ពុជា ប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ពីអំណាចដែលផ្តល់ទៅឱ្យ ប្រមុខរដ្ឋនៃរបប រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ គឺជាមេដឹកនាំមានតែឈ្មោះ និង ហ៊ឺហា ប៉ុណ្ណោះ។ ជាក់ស្តែង ការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រ សុទ្ធតែមានជាប់នូវលក្ខខ័ណ្ឌ។ យើងសង្កេតឃើញនៅក្នុងមាត្រា ៥១ វាក្យខ័ណ្ឌទី ៣ នៃជំពូកទី ៤ ស្តីពីរបបនយោបាយ ដែលតាមមាត្រានេះ “ អំនាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើប្រាស់អំណាច របស់ខ្លួនតាមរយៈ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ គោលការណ៍បែងចែកអំណាច ជានីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ គឺ ព្រះមហាក្សត្រ មិនត្រូវចាត់បញ្ចូលជាអ្នកទទួលអំណាចទេ ។ ព្រះមហាក្សត្រ មិនអាចលាយឡំជាមួយរាជ រដ្ឋាភិបាលបានឡើយ។

សរុបមក ទាំងនេះ គឺជាលក្ខណះមួយរបស់ព្រះមហាក្សត្រនៃរបបសភានិយម ដែលត្រូវបានទទួលយក ដោយប្រទេសកម្ពុជា ក្នុងការរៀបចំរបបគ្រប់គ្រងរបស់ខ្លួន។ ការសិក្សាពីអំណាចដែលថ្វាយព្រះមហាក្សត្រ និង អំណាចរបស់ស្ថាប័នផ្សេងៗ គឺបញ្ជាក់ដោយមាត្រា ៧ ចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់ អំណាច។ ដូនេះ ព្រះរាជតួនាទិជា “និមិត្តរូប” ជា “អ្នកធានា” និងជា “អជ្ញាកណ្តាល” ដែលផ្តល់ដោយមាត្រា ៨ និង មាត្រា ៩ មិនមានតំលៃតាមផ្លូវនយោបាយទេ ។

ឯកសារពិគ្រោះ

  • នីតិរដ្ឋធម្មនុញ្ញកម្ពុជា
  • នីតិរដ្ឋធម្មនុញ្ញ និង ស្ថាប័ននយោបាយ (ដោយ គង់ ភីរុន អតីតចៅក្រម )
  • រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ ១៩៩៣ )
  • ឯកសារ វប្បធម៌ទូទៅ (សាស្ត្រចារ្យ គង់ ភូមីកា )

ដោយ ណែម រតនា/ ២០០៩-២០១០ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច

ទាញយកឯកសារជា PDF / Download PDF

Advertisements

About flyratana

សាមញ្ញ, សុទិដ្ឋិនិយម, ខេមរនិយម និង នីតិរដ្ឋនិយម
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង សាកលវិទ្យាល័យ, RULE-URDSE។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s